ធនាគារ សាខមប៊ែង ខេមបូឌាប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ២០២១

នៅថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០២១

នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ២០២១ ដោយអាស្រ័យស្ថានភាពកូវីដ-១៩ នៅតែបន្តមានការរីកររាលដាល ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំសន្និបាតបូកសរុបជាបឋមតាមប្រព័ន្ធអនឡាញដោយមានការអញ្ជើញចូលរួមរបស់លោក Ha Van Trung – អគ្គនាយករងធនាគារ សាខមប៊ែង និងវត្តមានរបស់ក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក ប្រធាននាយកដ្ឋាន នាយកសាខា​របស់ធនាគារ សាខមប៊ែង ខេមបូឌា តាមរយៈប្រព័ន្ធ Microsoft Team។

អង្គសន្និបាតបានធ្វើកថារវាយតម្លៃឡើងវិញសកម្មភាពក្នុង ៦ខែដើមឆ្នាំ និងពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់ ៦ខែចុងឆ្នាំ២០២១ ដើម្បីអាចសម្រេចបានពេញលេញគោលដៅអាជីវកម្មឆ្នាំ២០២១។ ទន្ទឹមជាមួយគ្នាផងនោះ ឆ្នាំ២០២១​ជាឆ្នាំដែលប្រទេសកម្ពុជាបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្ងឺកូវីដ-១៩ និងត្រូវផ្អាកការធ្វើប្រតិបត្តិការជាច្រើនលើកច្រើនសារ ដោយសារតែការរាតត្បាតនិងការបិទខ្ទប់។ បើទោះបីជាធនាគារ បានជួបប្រទះជាមួយបញ្ហាលំបាកជាច្រើន ជាមួយការខិតខំប្រឹងប្រែងធ្វើការដោយអស់ពីចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ទីបំផុតធនាគារ​ សាខមប៊ែង ខេមបូឌា ក៏សម្រេចបានលទ្ធផលដ៏គួរកត់សម្គាល់នៅក្នុង ៦ខែដើមឆ្នាំ២០២១។

ក្នុងអំឡុងពេលនៃអង្គសន្និបាតនេះផងដែរ ធនាគារ សាខមប៊ែង ខេមបូឌា បានផ្តល់លិខិតសរសើរជូនដល់នាយកដ្ឋាន និងសាខាមួយចំនួនដែលសម្រេចគួរកត់សម្គាល់ចូលរួមបង្កើនចំណូលលើសេវាកម្ម ដើម្បីជាការលើកស្ទួយការខិតខំប្រឹងប្រែងអស់រយៈពេល៦ខែដើមឆ្នាំ២០២១។

ចុងបញ្ចប់នៃអង្គសន្និបាត ធនាគារ សាខមប៊ែង ខេមបូឌា បានទទួលនូវការចង្អុលបង្ហាញ និងដំបូន្មានដ៏ល្អជាច្រើនពីសំណាក់លោក Ha Van Trung – អគ្គនាយករងធនាគារ សាខមប៊ែង ក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីសម្រេចបានផែនការអាជីវកម្មប្រចាំឆ្នាំ២០២១។