នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨
នៅថ្ងែទី២៣ ខែមិថុនា ឆ្នាំ២០១៧ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីគម្រប់ខួប៨ឆ្នាំនៃការបង្កើត និងដាក់ឱ្យដំណើរការធនាគាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា (២៣/០៦/២០០៩ – ២៣/០៦/២០១៧) នៅទីស្នាក់ការកណ្តាលរបស់ ធនាគារ សាខមប៊ែង ខេមបូឌា ដែលមានទីតាំងផ្ទះលេខ ៦០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន៖ គណៈគ្រប់គ្រងធនាគារ និងបុគ្គលិកទាំងអស់ជាមួយនឹងការសម្តែងនូវសិល្បៈ ប្រពៃណី និងផ្តល់ជូននូវប័ណ្ណសរសើរដល់បុគ្គលិកឆ្នើមដែលបានរួមរស់យូរអង្វែងជាមួយធនាគារ។ លើសពីនេះទៅទៀតបន្ទាប់ពីបញ្ចប់កម្មវិធី ធនាគារបានរៀបចំកម្មវិធីពិសារភោជនីអាហាររួមគ្នារវាងគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ដើម្បីបង្កើននូវមិត្តភាព និងភាពស្និតស្នាលឱ្យកាន់តែស្អិតរមួតជាងមុនបន្ថែមទៀត។
អស់រយៈពេល៨ឆ្នាំមកហើយចាប់តាំងពីធនាគារ សាខមប៊ែង ខេមបូឌា ចាប់ផ្តើមដំណើរការក្នុងទីផ្សារឥណទាននៃប្រទេសកម្ពុជា។ ចាប់ផ្តើមពីទីតាំងប្រតិបត្តិការចំនួន ១ ក្នុងឆ្នាំ ២០០៩ បច្ចុប្បន្ននេះ ធនាគារ សាខមប៊ែង ខេមបូឌា មានទីស្នាក់ការកណ្តាលចំនួន ១ សាខាចំនួន ៥ នៅទីក្រុងភ្នំពេញ សាខាចំនួន១ នៅខេត្តកំពង់ចាម និងសាខាចំនួន ១ នៅខេត្តកណ្តាល។ ដោយទទួលបាននូវការគាំទ្រពីសំណាក់ និងសម្លឹងឃើញនូវសក្តានុពលវិស័យសេដ្ឋកិច្ចនៅខេត្តសៀមរាប ធនាគារ សាខមប៊ែង ខេមបូឌា មានផែនការបង្កើនបណ្តាញប្រតិបត្តិការរបស់ខ្លួននៅខេត្តសៀមរាបក្នុងខែកញ្ញាឆ្នាំ២០១៧។ សញ្ញានៃការរីកចម្រើននេះគឺអាស្រ័យដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនហើយធនាគារ សាខមប៊ែង ខេមបូឌា សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែជួយគាំទ្រជឿជាក់ធនាគារក្នុងរយៈកាលកន្លងមក ហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអតិថិជនទាំងអស់នឹងបន្តគាំទ្រប្រើប្រាស់ផលិតផលសេវាកម្មរបស់ធនាគារយើងខ្ញុំបន្តទៀត។